កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង គម្រោងសហគ្រិននារីសកម្មរបស់អង្គការផេកកម្ពុជាតាមរយៈការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នាក្នុងក្របខណ្ឌការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមពីតំណាងពាក់ព័ន្ធរបស់ស្ថាប័នទាំងពីរ នៅអគារអភិវឌ្ឍធុរកិច្ច។ គោលបំណងរួមនៃអនុស្សរណៈយោគយល់នេះ គឺដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងសកម្មភាពរួមគ្នារវាងស្ថាប័នទាំងពីរ សំដៅពង្រីកការផ្សព្វផ្សាយស្ដីពីប្រព័ន្ធចុះបញ្ជីអា
ជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានឱ្យបានទូលំទូលាយ និងទៅដល់អ្នកដែលត្រូវការបំផុត។
កន្លងទៅ ស្ថាប័នទាំងពីរធ្លាប់បានសហការជាមួយគ្នាជាច្រើនលើក
ជាច្រើនសារួចទៅហើយ និង បានផ្សព្វផ្សាយប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន តាមរយៈការចាត់បញ្ជូនវាគ្មិនពីមជ្ឈមណ្ឌល បណ្ដុះធុរកិច្ចថ្មី “តេជោ” ទៅកម្មវិធីនានារបស់ស្ថាប័នដៃគូអង្គការផេកកម្ពុជា។ ការចុះអនុស្សរណៈយោគយល់នេះនឹងបើកទំព័រថ្មីនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង អង្គការផេកកម្ពុជា ក្នុងគោលដៅលើកកម្ពស់ និងគាំទ្រដល់សហគ្រិន ក្នុងការទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្មនេះ ។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងអង្គការផេកកម្ពុជា ក៏បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការធ្វើការជាមួយគ្នាប្រកបដោយស្មារតីបុរេ-សកម្ម និងការទទួលខុសត្រូវខ្ពស់ សំដៅជាប្រយោជន៍រួមសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ ការចុះអនុស្សរណៈ-យោគយល់នេះត្រូវបានបញ្ចប់ទៅយ៉ាងរលូន និងក្នុងបរិយាកាសអំណរសាទរ។
គួរបញ្ជាក់ផងដែរ, ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានធ្វើឡើងក្រោមការសម្របសម្រួល របស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ជាសេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបន្ទុកផ្នែកគាំទ្រ និងផ្នែកបច្ចេកទេស។ ប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ និងបាន និងកំពុងពង្រីកវិសាលភាពទៅកាន់ដំណាក់កាលទី ២ និងទី ៣ បន្តទៀត។ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាផ្នែកមួយនៃការកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលឈរលើគោលការណ៍ កាត់បន្ថយពេលវេលាត្រួតពិនិត្យ, កាត់បន្ថយចំណាយ និង កាត់បន្ថយនីតិវិធីស្មុគស្មាញ។ អង្គការផេកកម្ពុជាគឺជាអង្គការមិនមែនរដ្ឋាភិបាលបរទេសមិនស្វែងរកប្រាក់ចំណេញ ដែលគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស ផ្អែកលើព័ត៌មាន និងទិន្នន័យដែលទទួលបានពីសហគមន៍ ដើម្បីកសាងភាពធន់ បង្កើនគណនេយ្យភាព ពង្រឹងចំណេះដឹង និងជំនាញក្នុងការចូលរួមអភិវឌ្ឍសង្គមប្រកបដោយចីរភាព។
Event Information |
---|
Event Organizer |
---|
Join our mailing list to receive the latest news and updates from our team.